ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានអនុញ្ញាតឱ្យកញ្ញាYao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖នៅព្រឹកថ្ងៃ២៧ខែកញ្ញាឆ្នាំ២០២៣លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានអនុញ្ញាតឱ្យកញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងព័ត៌មាន។ជាកិច្ចចាប់ផ្តើមកញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនបានគោរពជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មានថា វិទ្យុមិត្តភាពកម្ពុជាចិនបានចាប់ផ្តើមផ្សាយសំឡេងជាផ្លូវការនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨ គឺជាផ្នែកមួយនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)ហើយក៏ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅក្រោមការអនុញ្ញាតពីក្រសួងព័ត៌មានកម្ពុជាផងដែរ។
កញ្ញាបន្តថាអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនភាសាអង់គ្លេសហៅថា China Media Group(CMG) គឺជាប្រព័ន្ធផ្សព្វផ្សាយដ៏មានទ្រង់ទ្រាយធំបំផុតមួយក្នុងពិភពលោក ដែលរួមទាំង CCTV និង CGTNជាដើម បានទាក់ទាញប្រិយមិត្តតាមដានជាប្រចាំ ជាជនជាតិចិនជាង១.៤ពាន់លាននាក់ និងប្រិយមិត្តអន្តរជាតិតាមដានជាប្រចាំរាប់ពាន់លាននាក់។
កញ្ញាYao Shiyaបានបន្តថា វិទ្យុមិត្តភាពកម្ពុជាចិនបានផ្សាយជូនជារៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទដល់ថ្ងៃទីអាទិត្យចាប់ពីវេលាម៉ោង៦ព្រឹករហូតដល់ម៉ោង១២អធ្រាត្រ ដែលមានរយៈពេលផ្សាយគឺ១៨ម៉ោងក្នុងមួយថ្ងៃ តាមរយៈរលកអាកាសFM96.5MHz នៅរាជធានីភ្នំពេញ និងFM105MHz នៅខេត្តសៀមរាប។
ទន្ទឹមនឹងនោះ វិទ្យុមិត្តភាពកម្ពុជាចិនក៏មានរាយការណ៍ព័ត៌មានរបស់ខ្លួនដែលផលិតបាន និងវីដេអូ ក្រាហ្វិកផ្សាយតាមរយៈគេហទំព័រ cambodian.cri.cn និងគណនីហ្វេសប៊ុក ccfr របស់ខ្លួនផងដែរ ដែលកំពុងតែទទួលបាននូវការពេញនិយម និងជាទីស្រឡាញ់ពេញចិត្តរបស់ប្រជាជនកម្ពុជាយ៉ាងច្រើន។ វិទ្យុមិត្តភាពកម្ពុជាចិនបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាន ជំរុញការស្វែងយល់គ្នាទៅវិញទៅមក និងរឹតចំណងមិត្តភាពដែលមានប្រវត្តិដ៏យូរអង្វែងមកហើយនោះឱ្យកាន់តែស៊ីជម្រៅ ក្នុងអត្ថន័យបញ្ជូននូវមនោសញ្ចេតនាមេត្រីភាព និងមិត្តភាពរបស់ប្រជាជាតិចិនទៅដល់ប្រិយមិត្តអ្នកស្ដាប់កម្ពុជាដោយមិនស្វែងរកប្រាក់ចំណេញ។ ខ្លឹមសារនៃការផ្សាយរួមមាន ព័ត៌មានថ្មីៗសំខាន់ៗជុំវិញកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា ព័ត៌មាន ជាតិនិងអន្តរជាតិ បទវិភាគប្រចាំថ្ងៃអំពីព្រឹត្តិការណ៍បច្ចុប្បន្នភាពដោយវាគ្មិនល្បីៗ ការបង្រៀនភាសាចិន ការអប់រំ តន្ត្រីបន្ធូរអារម្មណ៍ និងចំណេះដឹងទូទៅល្អៗ …ដែលមានចំនួន១០កម្មវិធីផ្សាយ ដូចជា៖ កម្មវិធីអរុណសួស្តីព័ត៌មាន ជីវិតទាន់សម័យ នីហាវកម្ពុជាចិន ១០០នាទីនៃភាសារចិន វិភាគព័ត៌មានថ្ងៃនេះ និងកម្មវិធីពីនេះពីនោះពីប្រទេសចិន (សហការជាមួយវិទ្យុជាតិកម្ពុជា)និងកម្មវិធីផ្តល់នូវចំណេះដឹង ការអប់រំ និងភាពសប្បាយរីករាយច្រើនទៀត។