ថវិកាទទួលបានពីការជាវរូបថតចំនួន១២ផ្ទាំង ដែលបានដាក់បង្ហាញនៅកម្មវិធីអបអរសាទរនៃការចេញផ្សាយសៀវភៅ «កម្ពុជាក្នុងក្រសែភ្នែកពិភពលោក» នឹងជូនមន្ទីរពេទ្យគន្ធបុប្ផា និងអង្គការគ្រួសារថ្មី
ភ្នំពេញ: ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ថវិកាទទួលបានពីការជាវរូបថតចំនួន១២ផ្ទាំង ដែលបានដាក់បង្ហាញនៅកម្មវិធីអបអរសាទរនៃការចេញផ្សាយសៀវភៅ «កម្ពុជាក្នុងក្រសែភ្នែកពិភពលោក» នឹងផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងអង្គការគ្រួសារថ្មី ដើម្បីជាចំណែកជួយគាំទ្រដល់សុខភាពប្រជាពលរដ្ឋ។ ការមានប្រសាសន៍បែបនេះរបស់ឯកឧត្តម ខៀវ កាញារីទ្ធ នៅក្នុងកម្មវិធីអបអរសាទរនៃការចេញផ្សាយសៀវភៅភ្ជាប់ជាមួយនឹងការរៃអង្គាសថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការគ្រួសារថ្មី នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នាសណ្ឋាគារសូហ្វីតែល។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា នៅក្នុងឱកាសនៃការចេញផ្សាយសៀវភៅ «កម្ពុជាក្នុងក្រសែភ្នែកពិភពលោក» ជាបួនភាសាគឺ ភាសាខ្មែរ បារាំង អង់គ្លេស និងចិន គឺពិតជាមានសេចក្តីរីករាយរៀបចំកម្មវិធីអបអរសាទរនៃការចេញផ្សាយសៀវភៅភ្ជាប់ជាមួយនឹងការរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការគ្រួសារថ្មី។
ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ថវិកាដែលនឹងទទួលបានពីការគាំទ្រតាមរយៈការជាវរូបថតចំនួន១២ផ្ទាំង ដែលបានដាក់បង្ហាញនៅទីនេះ នឹងបែងចែកជាពីរចំណែកស្មើគ្នាជូនមន្ទីរពេទ្យគន្ធបុប្ផា និងអង្គការគ្រួសារថ្មី។
ឯកឧត្តម បានមានប្រសាសន៍បន្តថា សៀវភៅនេះ គឺជាសមិទ្ធផលនៃការងារសហការគ្នារបស់មន្ត្រីនៃក្រសួងព័ត៌មាន។ ក្នុងន័យនេះផងដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់អ្នកថតរូបរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងការងារថតរូបរបស់លោក Patrick Dupire ផងដែរ។ ហើយក៏មានមោទនភាពចំពោះក្រសួងព័ត៌មានដែលបានផលិតស្នាដៃនេះឡើង ដោយផ្ដល់រូបភាពវិជ្ជមាននៃប្រទេសរបស់កម្ពុជាយើង។ សម្រាប់ការជួបជុំគ្នាសម្រាប់កម្មវិធីពិសាផេសជ្ជៈ និងទទួលទានអាហារ ដើម្បីស្វែងរកការគាំទ្រថវិកាសម្រាប់ស្ថាប័នពីរ (មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការគ្រួសារថ្មី) ដែលធ្វើការយ៉ាងសកម្មសម្រាប់សង្គមជាតិ និងប្រជាពលរដ្ឋរបស់យើង ទាំងផ្នែកសុខភាព និងការអប់រំ ដែលមានតំណាងនៅទីនេះដោយលោក Denis Laurent និងលោក Darong Chour។
សូមបញ្ជាក់ដែរថា នៅក្នុងកម្មវិធីនេះទទួលបានការដេញថ្លៃរូបថតចំនួន៤ផ្ទាំង គឺបានដោយលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ចំនួន២ផ្ទាំង និងលោកឌិន សុមេធារិទ្ឋ ម្ចាស់ភូមិម្ចាស់ភូមិផ្កាត្រកួន ចំនួន២ផ្ទាំង ដោយក្នុងមួយផ្ទាំងតម្លៃ៥ពាន់ដុល្លារ ហើយថវិកាទាំងអស់បានប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការគ្រួសារថ្មី ៕ ប្រភពវិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី