សមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង បាននាំយកបច្ច័យនិង គ្រឿងឧបភោគបរិភោគចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារសពវីរយុទ្ធជន ទេព ម៉ាឡា កងទ័ពពិសេសឆ័ត្រយោងកងពល៩១១ ដែលបានពលីជីវិតលើសមរភូមិ
ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ០៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោក សុីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង តំណាងអោយលោក នួន នី ប្រធានសមាគម បានដឹកនាំក្រុមការងារដែលមានលោក ប៉ាន់ ផល្លា អនុប្រធាន លោក រៀម សាលី អនុប្រធានប្រចាំការ លោក ខៀវ កុសុមារ ជំនួយការ និងលោក វ័ន្ត វណ្ណៈ ជាសមាជិក បានអញ្ជើញនាំយកបច្ច័យនិងគ្រឿង ឧបភោគបរិភោគមួយចំនួនចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារសពលោកនាយសំណង់ ទេព ម៉ាឡា ជាយុទ្ធជនទ័ពពិសេសឆ័ត្រយោងកងពល៩១១ ដែលបានពលីជីវិតលើសមរភូមិជួរមុខភ្នំទ្រព្យ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៣២ឆ្នាំ
ហើយបានប្រារព្ធធ្វើបុណ្យនៅគេហដ្ឋានក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
លោក សុីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹតសាខាខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងកិច្ចចូលរួមមរណទុក្ខដល់ក្រុមគ្រួសារសពលោកនាយសំណង់ ទេព ម៉ាឡា ជាយុទ្ធជនទ័ពពិសេសឆ័ត្រយោងកងពល៩១១ នាពេលនេះ លោកបាននាំយកបច្ច័យចំនួន ៤០ម៉ឺនរៀលដែលជាថវិកាចូលរួមពីសប្បុរសជននិងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងាររបស់សមាគម ,ទឺកបរិសុទ្ធចំនួន ២៥យួរ ,មី០១កេះ ,ទឹកស៊ីអ៊ីវ០២យួរ ,ទឹកត្រី០២យួរ ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការចំណាយរបស់ក្រុមគ្រួសារសពផងដែរ។
បន្ថែមពីនេះ លោកប្រធានសមាគមសាខាខេត្ត បានពាំនាំប្រសាសន៍លោក នួន នី ប្រធានសមាគម សូមចូលរួមសម្តែងការរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុតចំពោះមរណភាពរបស់លោកនាយសំណង់ ទេព ម៉ាឡា ជាយុទ្ធជនទ័ពពិសេសឆ័ត្រយោងកងពល៩១១ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធលោក ទេព ម៉ាឡា បានចាប់កំណើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាកិច្ចឆ្លើយតប ក្រុមគ្រួសារនៃសព ក៏បានសម្តែងនូវការអរគុណចំពោះសមាគមសារព័ត៌មានសុក្រឹត ដែលតែងតែចុះធ្វើមនុស្សធម៌ជួយទៅដល់ក្រុមគ្រួសារសព ,ជនចាស់ជរា ,ជនដែលមានជីវភាពខ្វះខាត និងជនពិការភាព និងចូលរួមកិច្ចការងារផ្សេងៗក្នុងសង្គមផងដែរ ដែលសកម្មភាពទាំងនេះធ្វើអោយក្រុមគ្រួសារលោកមិនអាចបំភ្លេចបាន ពិសេសសូមបួងសួងវត្ថុស័ក្តិសិទ្ធិ ជួយឃុំគ្រងតាមបីបាច់ថែរក្សាដល់ក្រុមការងារទាំងអស់អោយជួបតែសេចក្តីសុខ សេចក្តីចំរើន និងជោគជ័យគ្រប់កិច្ចការងារ។