រាជរដ្ឋាភិបាល សម្រេចបានក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ ស្កាត់អតិផរណាបានទាន់ពេលវេលា
ភ្នំពេញ៖ព្រឹទ្ធសភា បានមើលឃើញពីភាពជាក់ស្ដែង នៃការអនុវត្ដរបស់រាជរដ្ឋាភិបាល ដោយសម្រេចបានក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណាបានទាន់ពេលវេលា បន្ទាប់ពីប្រឈមនឹងវិបត្ដិជំងឺកូវីដ១៩ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ម ប៊ុន នាង អ្នកនាំពាក្យព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផល និងសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការ អនុវត្តច្បាប់ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច លើគ្រប់វិស័យ ដែលរាជ រដ្ឋាភិបាលខិតខំសម្រេចបាន ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ ស្កាត់អតិផរណាបានទាន់ពេលវេលាបានធ្វើឲ្យសេដ្ឋកិច្ចជាតិងើបឡើងវិញយ៉ាងឆាប់រហ័សធានាបាននូវវឌ្ឍនភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ។
ឯកឧត្តម ម៉ម ប៊ុននាង បានបញ្ជាក់ថា ការវាយតម្លៃខ្ពស់ ចំពោះលទ្ធ ផល និងសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការអនុវត្តច្បាប់ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច លើគ្រប់វិស័យនេះ ដោយគណៈកម្មការក្រុមភូមិភាគ និងសមាជិកព្រឹទ្ធសភា បានជួប ពិភាក្សាការងារជាមួយក្រសួងស្ថាប័ននានា និងចុះតាមបណ្ដារាជធានីខេត្ត ដើម្បីតាមដានវឌ្ឍនភាព នៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ព្រមទាំងការអនុវត្តសង្គមសេដ្ឋកិច្ចលើគ្រប់វិស័យ ដោយឆ្លុះបញ្ចាំងតាមដំណើរបេសកកម្មទៅតាមមូលដ្ឋាន ។
ទន្ទឹមនឹងនេះ អង្គប្រជុំគណៈកម្មា ធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បាន សម្រេចដោយដាក់របាយការណ៍ស្ដីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៃចន្លោះសម័យប្រជុំលើកទី៩ ទៅក្នុងរបៀប វារៈសម័យប្រជុំ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ខាងមុខ ហើយព្រឹទ្ធ សភា នឹងលើកយករបៀបវារៈមួយទៀត ដើម្បីពិនិត្យ និងឲ្យយោបល់ គឺសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ក្នុងសម័យប្រជុំនេះផងដែរ ៕