សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អង្គវង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានទី១ ក្រុមប្រឹក្សាអ្នកច្បាប់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋន្រ្តី ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហផ្ទៃ ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។
អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) បានថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិកគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ គ.ជ.ដ.អ. នាឱកាសនេះ ពិសេសដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាគោលដៅចម្បងនៃផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ការបម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ សម្ដេចឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថាសមិទ្ធផលនៃផែនការយុទ្ធសាស្រ្តនេះ ក៏នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការកំណត់មុខសញ្ញាសង្ស័យនានាទាំងក្នុងប្រទេស ក្នុងតំបន់ និងជុំវិញពិភពលោក។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថាទិសដៅការងារដែលត្រូវខិតខំសម្រេចឱ្យបានក្នុងតំណាក់កាលនេះ រួមមានការរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន ប្រព័ន្ទចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅ និងប្រព័ន្ធអត្តសញ្ញាណកម្ម។
សម្ដេចក្រឡាហោម បានបន្ថែមថា ជំហានបន្ទាប់គឺភ្ជាប់ប្រព័ន្ធទាំងអស់ទៅក្នុងប្រព័ន្ធមេមួយដើម្បីប្រមូលផ្ដុំទិន្នន័យ និងសម្អាតទិន្នន័យសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ខណៈបណ្ដាប្រទេសនានាលើពិភពលោកបាននិងកំពុងយកចិត្តទុកដាក់លើការងារធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ពិសេសការប្ដូរពីការចុះបញ្ជីដោយដៃ ទៅជាការចុះក្នុងប្រព័ន្ធព័ត៌មានវិទ្យា។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សាខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាសមាជិកអចិន្ត្រៃយ៍ គ.ជ.ដ.អ. បានធ្វើរបាយការណ៍ឱ្យដឹងថា ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួង ស្ថាប័នពាក់ព័ន្ធ និងបានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ Vital Strategies ក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានប្រជុំឆ្លងសេចក្តីព្រាងច្បាប់ជារៀងរាល់សប្តាហ៍ និងបានបញ្ចប់សេចក្តីព្រាងទាំងស្រុងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ និងបានរៀបចំសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តិជាបន្តបន្ទាប់។
ចំពោះការពង្រឹងយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំ សង្កាត់ ឯកឧត្តម នាយឧត្តមសេនីយ៍ បានឱ្យដឹងថាបន្ទាប់ពីបានអនុវត្តសាកល្បងការងារនេះនៅឃុំ សង្កាត់ចំនួន២៤រួចមក ប្រជាពលរដ្ឋបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង។ ផ្អែកលើបទពិសោធន៍ល្អនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មគ្រោងសិក្សាអនុវត្តយន្តការនេះនៅឃុំ សង្កាត់ ចំនួន៥០០ទៀត។
ពាក់ព័ន្ធនឹងការងារអត្តសញ្ញាណកម្មនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានរាយការណ៍អំពីការទទួលយកព័ត៌មាន មតិយោបល់ សំណើរ និងសំណូមពរនានាដើម្បីដោះស្រាយបញ្ហានានាក្នុងការងារអត្តសញ្ញាណកម្មជូននប្រជាពលរដ្ឋជាង៧ពាន់នាក់។ ទន្ទឹមគ្នានេះ ក៏មានពលរដ្ឋជិត១សែននាក់បានទាញយកកម្មវិធី GDI eServices ទៅប្រើប្រាស់ផងដែរ។