អង្គការមិនមែនរដ្ឋាភិបាលស្នើសុំឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយកពន្ធបារីបន្ថែមចាប់ពី៥០០រៀលក្នុងបារីមួយកញ្ចប់ពីលើអត្រាពន្ធបច្ចុប្បន្ន
ភ្នំពេញ៖ អង្គការមិនមែនរដ្ឋាភិបាល គាំទ្រចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងដំណើរការកំណែទម្រង់ពន្ធថ្នាំជក់ និងយល់ឃើញថា ការយកពន្ធបន្ថែម ចាប់ផ្តើមពី៥០០រៀលក្នុងបារីមួយកញ្ចប់ ឬច្រើនជាងនេះ ស័ក្តិសមបំផុត សម្រាប់បច្ចប្បន្ន។ការស្នើសុំនេះ ធ្វើឡើងក្នុងវេទិកាស្តីពីវិធានការពន្ធលើផលិតផលថ្នាំជក់ ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ឯកឧត្តម លោកស្រី លោក តំណាង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សរុបប្រមាណ២០០នាក់។
ជាការឆ្លើយតប ឯកឧត្តម វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ចកំពុងធ្វើដំណើរការកំណែទម្រង់ពន្ធថ្នាំជក់នេះហើយ គ្រាន់តែធ្វើជាជំហានៗ
និងប្រុងប្រយ័ត្នបំផុត ព្រោះថា បើតម្លើងពន្ធខ្ពស់អាចនាំឱ្យមានការរត់ពន្ធបារីខុសច្បាប់ធ្វើឱ្យខាតបង់ចំណូលរដ្ឋវិញ។
ឯកឧត្តមបន្តថា បើយោងតាមច្បាប់ស្តីពីសារពើពន្ធដែលព្រះមហាក្សត្រទើបឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីនេះ បានកំណត់ថា រាជរដ្ឋាភិបាលមានភារកិច្ចរៀបចំអនុក្រឹត្យមួយចំនួនដែលពាក់ព័ន្ធ ក្នុងនោះមានអនុក្រឹត្យស្តីពីពន្ធអាករពិសេសមូលដ្ឋានលើផលិតផលបារីនេះឱ្យមានការកើនឡើងជាងបច្ចុប្បន្ននេះ។
ឯកឧត្តមបញ្ជាក់ថា ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានឯកភាពលើលិខិតស្នើសុំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលតម្រូវឱ្យមានការយកកពន្ធលើផលិតផលបារីនៅគ្រប់ដំណាក់កាលសម្រាប់បារីនាំចូល ខណៈពីមុននេះកម្ពុជាយកពន្ធតែពេលនាំចូលម្តងប៉ុណ្ណោះ។ ជាមួយគ្នានេះដែរមន្ត្រី នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករ និងអគ្គនាយដ្ឋានពន្ធដា ក៏បានខិតខំធ្វើការចុះត្រួតពិនិត្យផលិតផលថ្នាំជក់នៅតាមបណ្តាខេត្តគោលដៅ យ៉ាងមានប្រសិទ្ធភាពផងដែរ។ ដូច្នេះ ពន្ធបារីនឹងមានការកើនឡើង។
ឯកឧត្តមបញ្ជាក់ថា នៅឆ្នាំ២០២៤ខាងមុខនេះ ពន្ធលើផលិតបារីអាចកើនឡើង លើសបច្ចុប្បន្ននៅពេលដែលរាជរដ្ឋាភិបាលរៀបចំអនុក្រឹត្យពាក់ព័ន្ធនៅពន្ធបារីនេះរួចរាល់ ។
បើតាមការវិភាគស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក ការយកពន្ធបន្ថែម៥០០រៀលក្នុងបារីមួយកញ្ចប់ នឹងធ្វើ អោយតម្លៃបារីកើនឡើង១៥% កាត់បន្ថយអ្នកជក់បារីបាន៣០ ០០០នាក់ នៅឆ្នាំបន្ទាប់ និងបង្ការប្រជាពលរដ្ឋ ១០ ០០០នាក់ពីការស្លាប់មុនអាយុកំណត់បណ្តាលមកពីការជក់បារី ក្នុងរយៈពេល១០ទៅ១៥បន្ទាប់។ មិនតែប៉ុណ្ណោះ ការដំឡើងពន្ធបារី៥០០រៀលក្នុង១កញ្ចប់នេះ នឹងធ្វើអោយប្រាក់ចំណូលពន្ធរដ្ឋកើនឡើង ២១៣ 000 000 000រៀល (ជាង៥៣លានដុល្លារសហរដ្ឋ)ក្នុង១ឆ្នាំ។
អង្គការសុខភាពពិភពលោក បានកំណត់ច្បាស់ថា ការដំឡើងពន្ធថ្នាំជក់គឺជាវិធានការទោលដែលមានប្រសិទ្ធភាពជាងគេ ក្នុងការកាត់បន្ថយហានីភ័យដែលបណ្តាលមកពីថ្នាំជក់។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥ ០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីការជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ដែលក្នុង១ថ្ងៃៗ មានអ្នកស្លាប់ប្រមាណជាង៤០នាក់។ ជំងឺទាំងនោះរួមមាន ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។ល។ ៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ លើសពីនេះទៀត ការប្រើប្រាស់ថ្នាំជក់បណ្តាលអោយខាតបង់៦៤៩លានដុល្លារសហរដ្ឋ ដែលស្មើនឹង៣%នៃGDPរបស់កម្ពុជា៕