សិស្សថ្នាក់ទី១១នៃសាលាប៊ែលធីអន្តរជាតិជិត៣០០០នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក
ភ្នំពេញ ៖ ពេញមួយថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ សិស្សសាលាប៊ែលធីអន្តរជាតិថ្នាក់ទី១១ ចំនួនជិត៣០០០នាក់ទាំង២៤សាខាទទួលបានចំណេះដឹងពីកម្មវិធីបង្កេីនចំណេះដឹងទូទៅស្តីពីការ យល់ដឹងពីគ្រឿងញៀន និងបារីអេឡិចត្រូនិក។
លោក ប៊ុត ឌីម៉ង់ ប្រធានការិយា ល័យចំណេះទូទៅប៊ែលធី អន្តរជាតិ បានថ្លែងស្វាគមន៍និងរាយការណ៍ពីការរៀបចំកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កេីនចំណេះដឹងទូទៅ) តាមបែបចម្រុះ (ចូលរួមដោយផ្ទាល់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិក) ក្រោមប្រធានបទ «ការយល់ដឹងពីគ្រឿងញៀន» ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខាបានថ្លែងថា សិស្សសាលាប៊ែលធីអន្តរជាតិទាំងអស់ត្រូវចូលរួមការពារខ្លួនឯង ក្រុមគ្រួសារ និងជួយអ្នកជិតខាងកុំឱ្យប្រើនិងញៀនគ្រឿងញៀនចៀសវាងដាច់ខាតមិនទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិក និងចូលរួមជួយសង្គម។
ក្នុងនាមឯកឧត្តម នាយឧត្តម សេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអរគុណដល់ថ្នាក់ដឹកនាំសាលាប៊ែលធីគ្រុបដែលបានរៀបចំកម្មវិធីសិក្សាបន្ថែមដល់សិស្សជិត៣០០០នាក់មកទទួល ការយល់ដឹងពីគ្រឿងញៀន ផលប៉ះពាល់នៃគ្រឿងញៀន យល់ដឹងពីការបង្ការខ្លួនឯង និងការចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿង ញៀន ដែលជាបញ្ហាស្មុគស្មាញ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន គំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម ហើយមិនទៅប៉ះពាល់បារីអេឡិចត្រូនិក៕